សហរដ្ឋអាមេរិកឆ្លើយតបនឹងការចោទថាលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា
សហរដ្ឋអាមេរិកបានបញ្ជាក់នៅថ្ងៃអង្គារនេះថា ការចោទប្រកាន់ និងការរិះគន់អ្នកការទូតសហរដ្ឋអាមេរិកនៅកម្ពុជា គឺ«គ្មានមូលដ្ឋាន» ហើយចាត់ទុកថា វាដើរផ្ទុយនឹងស្មារតីនៃទំនាក់ទំនងទ្វេភាគីប្រកបដោយផ្លែផ្កា ដែលកំពុងតែល្អប្រសើរឡើងរវាងប្រទេសទាំងពីរ។
ប្រតិកម្មនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំទ្វេភាគីរវាងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាជាមួយនឹងលោក Matt Pottinger ជំនួយការរងរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោក Patrick Murphy ឧបការីរងរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីអាគ្នេយ៍។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មសហរដ្ឋអាមេរិកប្រចាំនៅសមាគមអាស៊ាន។
កាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បាននិយាយទៅកាន់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងកិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិកនិងអាស៊ានថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកអាណត្តិមុនៗ បានប្រើប្រាស់លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដើម្បីជ្រៀតជ្រែកកិច្ចផ្ទៃក្នុងរបស់ប្រទេសដទៃ។ លោកបន្ថែមថា កម្ពុជាបាននិងកំពុងតែរងគ្រោះម្តងហើយម្តងទៀត ដោយសារសកម្មភាពរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ដើរខុសពីបន្ទាត់នយោបាយរបស់លោក ដូណាល់ ត្រាំ ដែលបានចែងថា មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ។
សហរដ្ឋអាមេរិកក៏បានសម្តែងការព្រួយបារម្ភប្រាប់រដ្ឋាភិបាលកម្ពុជាពីការរឹតត្បិតលើសកម្មភាពរបស់សារព័ត៌មាន អង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងនៅក្នុងប្រទេសកម្ពុជាដែលបានកើតមានឡើងក្នុងពេលថ្មីៗនេះ ជាពិសេសការបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សប្រឆាំង។
សេចក្តីថ្លែងការណ៍នេះ បន្ថែមថា៖
«តំណាងមកពីសហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមថា ប្រទេសកម្ពុជានឹងឱ្យតម្លៃខ្ពស់ដល់ការរីកចម្រើនដែលទទួលបានដោយលំបាក ដែលកម្ពុជាសម្រេចបានក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ក្នុងនោះរួមមានការកសាងប្រព័ន្ធប្រជាធិបតេយ្យ និងការរីកចម្រើនផ្នែកវិបុលភាព សន្តិភាព និងការបង្រួមបង្រួមជាតិ និងបានគូសបញ្ជាក់ពីជំនួយដ៏សំខាន់របស់សហរដ្ឋអាមេរិកលើផ្នែកទាំងនេះ»។
គណបក្សសង្គ្រោះជាតិសម្តែងការរីករាយ ដែលសហរដ្ឋអាមេរិកបានលើកយកបញ្ហាការធ្វើទុកបុកម្នេញគណបក្សប្រឆាំងក្នុងជំនួបនេះ។
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិបានបញ្ជាក់ប្រាប់វីអូអេថា៖
«ខ្ញុំមានការរីករាយណាស់ ដែលឃើញសហរដ្ឋអាមេរិកមានជំនួបទ្វេភាគីជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីលើកឡើងពីបញ្ហាចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជាមួយចំនួន ដែលក្នុងនោះមានករណីឃុំខ្លួនប្រធានគណបក្សសង្គ្រោះជាតិ កឹម សុខា ហើយខ្ញុំសង្ឃឹមថា រដ្ឋាភិបាលកម្ពុជានឹងពិចារណាឡើងវិញទៅលើករណីទាំងអស់នោះហើយលោក កឹម សុខា អាចនឹងមានសេរីភាពឆាប់ៗក្នុងពេលខាងមុខ ដើម្បីការបោះឆ្នោតមួយ ដែលមានភាពសេរីនិងយុត្តិធម៌ នៅឆ្នាំ២០១៨ខាងមុខនេះ»។
សហរដ្ឋអាមេរិក និងកម្ពុជាក៏បានពិភាក្សាពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋកម្ពុជា ដែលបានប្រព្រឹត្តខុសនៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ក្នុងកិច្ចប្រជុំអាមេរិក និងអាស៊ាន លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានសំណេះសំណាលលេងជាមួយនឹងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជាដែរដោយសម្តែងក្តីសង្ឃឹមថា នឹងជួយឱ្យទំនាក់ទំនងប្រទេសទាំងពីរបានប្រសើរទៅមុខទៀត៕