សហរដ្ឋ​អាមេរិក​ឆ្លើយតប​នឹង​ការ​ចោទ​ថា​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា

in #khmer7 years ago

trump.jpg
សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅថ្ងៃ​អង្គារ​នេះ​ថា​ ការ​ចោទ​ប្រកាន់​ និង​ការ​រិះគន់​អ្នក​ការទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា​ គឺ​«គ្មាន​មូលដ្ឋាន‍» ​ហើយ​ចាត់ទុក​ថា​ វា​ដើរ​ផ្ទុយ​នឹង​ស្មារតី​នៃ​ទំនាក់​ទំនង​ទ្វេភាគី​ប្រកប​ដោយផ្លែផ្កា​ ដែល​កំពុងតែ​ល្អប្រសើរ​ឡើង​រវាង​ប្រទេស​ទាំងពីរ‍‍។​

ប្រតិកម្ម​នេះ​ធ្វើ​ឡើង​នៅក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ជាមួយ​នឹង​លោក ​Matt Pottinger ​ជំនួយការរង​របស់​លោក​ប្រធានាធិបតី ​ដូណាល់ ត្រាំ ​និង​លោក​ Patrick Murphy ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ទទួលបន្ទុក​កិច្ច​ការ​អាស៊ី​អាគ្នេយ៍។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍របស់​ស្ថាន​បេសកកម្ម​សហរដ្ឋ​អាមេរិក​ប្រចាំ​នៅ​សមាគម​អាស៊ាន។

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក​ ​ហ៊ុន សែន​ ​នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បាននិយាយ​ទៅ​កាន់​លោក​ប្រធានា​ធិបតី​ ​ដូណាល់ ត្រាំ​ ​ក្នុង​កិច្ច​ប្រជុំ​កំពូល​រវាង​សហរដ្ឋ​អាមេរិក​និង​អាស៊ាន​ថា រដ្ឋបាល​របស់​ប្រធានា​ធិបតី​អាមេរិក​អាណត្តិ​មុនៗ​ ​បាន​ប្រើប្រាស់​លទ្ធិ​ប្រជា​ធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ដើម្បីជ្រៀត​ជ្រែក​កិច្ច​ផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។​ ​លោក​បន្ថែម​ថា​ ​កម្ពុជា​បាន​និង​កំពុង​តែរងគ្រោះ​ម្តង​ហើយម្តងទៀត ដោយ​សារ​សកម្មភាពរបស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​ ដើរ​ខុស​ពី​បន្ទាត់​នយោបាយ​របស់​លោក ដូណាល់ ត្រាំ​ ដែល​បាន​ចែង​ថា​ មិន​ជ្រៀត​ជ្រែក​ចូល​កិច្ចការផ្ទៃ​ក្នុង​របស់​ប្រទេស​ដទៃ។​

សហរដ្ឋ​អាមេរិក​ក៏​បាន​សម្តែង​ការព្រួយ​បារម្ភ​ប្រាប់​រដ្ឋាភិបាល​កម្ពុជា​ពី​ការ​រឹតត្បិតលើ​សកម្មភាព​របស់​សារព័ត៌មាន​ អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ថ្មីៗនេះ​ ជាពិសេស​ការ​បន្ត​ឃុំ​ខ្លួន​លោក​ កឹម ​សុខា​ ប្រធាន​គណបក្ស​ប្រឆាំង។​

សេចក្តី​ថ្លែងការណ៍​នេះ​ បន្ថែម​ថា៖

​«តំណាង​មកពី​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ក្តីសង្ឃឹម​ថា​ ប្រទេស​កម្ពុជា​នឹង​ឱ្យ​តម្លៃ​ខ្ពស់​ដល់​ការរីក​ចម្រើន​ដែល​ទទួលបាន​ដោយ​លំបាក​ ដែល​កម្ពុជា​សម្រេច​បាន​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ថ្មីៗនេះ ក្នុងនោះ​រួមមាន​ការ​កសាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​ការ​រីកចម្រើន​ផ្នែក​វិបុលភាព​ សន្តិភាព និង​ការ​បង្រួមបង្រួម​ជាតិ​ និង​បាន​គូស​បញ្ជាក់​ពី​ជំនួយ​ដ៏សំខាន់​របស់​សហរដ្ឋ​អាមេរិក​លើ​ផ្នែក​ទាំង​នេះ‍»។

គណបក្ស​សង្គ្រោះ​ជាតិ​សម្តែង​ការ​រីករាយ​ ដែល​សហរដ្ឋ​អាមេរិក​បាន​លើក​យក​បញ្ហា​ការធ្វើ​ទុក​បុក​ម្នេញ​គណបក្ស​ប្រឆាំង​ក្នុង​ជំនួប​នេះ។​

កញ្ញា ​កឹម មនោ​វិទ្យា ​អគ្គ​នាយក​រង​កិច្ច​ការ​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជាក់​ប្រាប់​វីអូអេ​ថា៖

«ខ្ញុំ​មាន​ការ​រីករាយ​ណាស់​ ដែល​ឃើញ​សហរដ្ឋ​អាមេរិក​មាន​ជំនួប​ទ្វេភាគី​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ដើម្បី​លើកឡើង​ពីបញ្ហា​ចម្រូង​ចម្រាស​នៅក្នុង​ប្រទេស​កម្ពុជា​មួយ​ចំនួន ​ដែល​ក្នុង​នោះ​មាន​ករណី​ឃុំ​ខ្លួន​ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ កឹម សុខា ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​ រដ្ឋាភិបាល​កម្ពុជា​នឹង​ពិចារណា​ឡើង​វិញ​ទៅ​លើ​ករណី​ទាំង​អស់​នោះ​ហើយ​លោក ​កឹម ​សុខា​ អាច​នឹង​មាន​សេរីភាព​ឆាប់ៗ​ក្នុង​ពេល​ខាងមុខ ​ដើម្បី​ការ​បោះឆ្នោត​មួយ​ ដែល​មាន​ភាព​សេរី​និង​យុត្តិធម៌​ នៅ​ឆ្នាំ​២០១៨​ខាងមុខ​នេះ‍»។​

​សហរដ្ឋ​អាមេរិក​ និង​កម្ពុជា​ក៏បាន​ពិភាក្សា​ពី​ការ​ធ្វើ​មាតុភូមិ​និវត្ត​ន៍​ពលរដ្ឋ​កម្ពុជា​ ដែល​បាន​ប្រព្រឹត្ត​ខុស​នៅក្នុង​សហរដ្ឋ​អាមេរិក​ផងដែរ។

ក្នុង​កិច្ច​ប្រជុំ​អាមេរិក​ និង​អាស៊ាន​ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​ក៏​បាន​សំណេះសំណាល​លេង​ជាមួយ​នឹង​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​នៃ​ប្រទេស​កម្ពុជា​ដែរ​ដោយ​សម្តែង​ក្តី​សង្ឃឹម​ថា ​នឹង​ជួយ​ឱ្យ​ទំនាក់​ទំនង​ប្រទេស​ទាំងពីរ​បាន​ប្រសើរ​ទៅមុខ​ទៀត៕

Coin Marketplace

STEEM 0.16
TRX 0.17
JST 0.028
BTC 69086.63
ETH 2471.20
USDT 1.00
SBD 2.39